មន្ត្រីក្រសួងអប់រំ ៖ សិស្សប្រព្រឹត្តិកំហុសធ្ងន់ធ្ងរអាច នឹងត្រូវលុបឈ្មោះចេញពីសាលារៀន.....!
ភ្នំពេញ ៖ យោងតាមការផ្តល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងបានដាក់ចេញនូវវិធានការចំនួន៣ សម្រាប់គណៈគ្រប់គ្រង សាលារៀនទូទាំងប្រទេសអនុវត្ត។ លោកបន្ថែមថា វិធានការនោះធ្វើឡើងក្រោយពេលដែល កើតមានករណីសិស្សវាយតប់គ្នាក្នុងសាលាញឹកញ៉ាប់ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានវិទ្យុអន្តរជាតិមួយដកស្រង់សំដីដោយលោកបានបញ្ជាក់ថា ក្រសួងបាននិងកំពុងបនុ្តពិនិត្យទៅលើវិន័យសិស្សានុសិស្សដើម្បីដាក់ទៅកាន់គណៈគ្រប់គ្រងសាលារៀនតាមរយៈវិធានការចំនួន៣។ លោកថា វិធានការទាំងនោះ ប្រសិនបើអ្នកប្រព្រឹត្តអសីលធម៌គឺនឹងត្រូវហៅមកអប់រំពីគណៈគ្រប់គ្រងសាលារៀន។ ករណីប្រព្រឹត្តប្រាសចាកពីការរំពឹងទុករបស់ប្រព័ន្ធអប់រំ គឺនឹងត្រូវទទួលវិន័យរដ្ឋបាល ហើយករណីទី៣ ប្រសិនបើធ្ងន់ធ្ងរគឺឈានទៅលុបឈ្មោះពីសាលារៀនតែម្តង ។
សូមជម្រាបថា សិស្សស្រីចំនួន៤នាក់បានវាយទាត់ធាក់ទៅលើសិស្សស្រីម្នាក់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ខណដែលករណីនេះបានកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ហើយទើបតែបែកធ្លាយវីដេអូកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ ដោយឡែកកាលពីថ្ងៃទី១៤ខែមករាក៏មានករណីក្មេងស្រីម្នាក់និងបក្សពួកនៅស្រុកមេសាងបានឡោមព័ទ្ធគំរាមវាយដំទៅលើក្មេងស្រី២នាក់ផ្សេងទៀតដែលជិះម៉ូតូឆ្លងកាត់ស្រុកមេសាង ខេត្តព្រៃវែង ៕