អេស្ប៉ាញ ក្លាយជាប្រទេសទី១ក្នុងតំបន់អឺរ៉ុបខាងលិចដែលមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកន្លះលាននាក់
ប្រទេសអេស្ប៉ាញខណៈពេលដែលអ្នកឆ្លងសរុបនៅជុំវិញពិភពលោកកើនឡើងដល់ចំនួនជាង២៧ លាននាក់ ដែលក្នុងនោះអ្នកស្លាប់សរុបជិត ៩ សែននាក់។ទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ សរុប រហូតមកដល់ថ្ងៃអង្គារនេះ មានចំនួន ៥២៥.៥៤៩ និងអ្នកស្លាប់សរុបក្នុងប្រទេសនេះ មានចំនួន ២៩.៥១៦ នាក់។ ចំណែកប្រទេសបារាំងវិញ មានអ្នកឆ្លងសរុប ៣៦៧.១៧៤ នាក់ និងមានអ្នកស្លាប់ចំនួន ៣០.៧៣២ នាក់ ខណៈប្រទេសអង់គ្លេសមានអ្នកឆ្លងសរុប ៣៥២.៤៥១ នាក់ នឹងអ្នកស្លាប់សរុប ៤១.៦៤៣ នាក់។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។អ្នកជំនាញខ្លះជឿថា ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសអេស្ប៉ាញ គឺដោយសារតែវប្បធម៌ចូលចិត្តជួបជុំគ្នារបស់ប្រទេសនេះ។ ចំណែកអ្នកខ្លះទៀតបន្ទោសថាករណីឆ្លងថ្មីៗកើនឡើងច្រើន ដោយសារការខ្វះខាតការតាមដានរកអ្នកដែលស្ថិតនៅជិតអ្នកកើតជំងឺកូវីដ១៩ និងការបើកដំណើរការសកម្មភាពក្នុងប្រទេសឡើងវិញឆាប់រហ័សពេក៕